គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងផ្ដល់អំណោយដល់គ្រួសារកងទ័ព ១៨៥គ្រួសារ នៅស្រុកតំបែរ

ដោយ :www.meassoranews.com


អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងផ្ដល់អំណោយដល់គ្រួសារកងទ័ព ១៨៥គ្រួសារ នៅស្រុកតំបែរ


(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារវីរកងទ័ពចំនួន ១៨៥គ្រួសារ ដែលមានស្វាមី ឪពុក ឬកូន កំពុងបម្រើការងារការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ 


ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្នុងបរិវេណទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១៣ នៅក្នុងស្រុកតំបែរ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក-ឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។


ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងពីការគិតគូរខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់គ្រួសារកងទ័ព ដែលជាកម្លាំងគាំទ្រដ៏សំខាន់នៅពីក្រោយជួរមុខ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថា ពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាក្នុងការការពារជាតិ។


ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុក និងឃុំ ឱ្យបន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខ ឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួន នៅជួរក្រោយ ទទួលបានការមើលថែដិតដល់។


ឯកឧត្តម ប៉ែន កុសល្យ និងប្រតិភូជាថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមការងារ ក៏បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ មួយចំនួន ឧបត្ថម្ភជូន ដល់ក្រុមគ្រួសារកងទ័ព ចំនួន ១៨៥គ្រួសារ ដើម្បីរួមចំណែកសម្រាលនូវការលំបាក និងជាការបង្ហាញនូវការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏មោះមុត ក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា និងអធិបតេយ្យជាតិ។


ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វីរកងទ័ពកម្ពុជា ចំពោះការលះបង់ដ៏ធំធេងរបស់ពួកគាត់ និងសូមជូនពរវីរកងទ័ពទាំងអស់ ឱ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ៕










No comments