លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនារបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនារបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
ដោយទទួលបានអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសម្ភារៈ មធ្យោបាយ និងសំណេះសំណាល សួរសុខទុក្ខកម្លាំងជំនាញ នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុមកំពង់ចាម ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា ដែលទទួលបានរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានដូចជា ថវិកា ភេសជ្ជៈ និងសម្ភារៈ មធ្យោបាយ មួយចំនួន បម្រើឱ្យការងារអន្តរាគមន៍ បង្ការ និងសង្គ្រោះអគ្គិភ័យ ជូនដល់កម្លាំងជំនាញ ពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែ មានប្រសិទ្ធភាព និងសាកសិទ្ធភាព ។
គួររំលឹកថា រយៈពេល៩ ខែដើមឆ្នាំនេះ ករណីអគ្គិភ័យបានឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋ ទ្រង់ទ្រាយមធ្យម មាន៤ ករណី ស្ថិតក្នុងក្រុងកំពង់ចាម និងលក្ខណៈតូចតាច កើតឡើងតាមបណ្តាភូមិស្រុក ប៉ុន្តែគ្រប់ករណី គឺស្ថិតក្រោមការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អពីសមត្ថកិច្ចយើង។
ជាការលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានបំពេញការងារជូនប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមការអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លោកឧត្តមសេនីយ៍ស្នងការ បានយកឱកាសនេះ ថ្លែងការកោតសរសើរ ដល់គ្រប់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងស្នើឱ្យបន្តខិតខំយកចិត្តទុកដាក់បំពេញការងារទទួលបានជោគជ័យ ដើម្បីរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ក្នុងគោលបំណង ឆ្លើយតបភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខេត្តកំពង់ចាមទាំងមូល ៕











No comments