អាគារសមាគមអតីតយុទ្ធជន ចំនួន០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានលេចចេញនូវរូបរាងដ៏ស្រស់បំព្រង លើទឹកដីខេត្តកំពង់ចាម
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា លើកទី១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាម ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ខេត្តកំពង់ចាម ។
អាគារថ្មីនេះ មានទំហំអាគារ ៨ម*២០,៥០ម កម្ពស់១ជាន់ មាន៧បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានរៀបចំបំពាក់គ្រឿងបរិក្ខារទំនើប មានជាសាលប្រជុំ បន្ទប់រងចាំ បន្ទប់ធ្វើការ មានរបងព័ទ្ធជុំវិញ និងការតុបតែងលម្អជុំវិញអាគារយ៉ាងស្រស់បំព្រង ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់បងប្អូនអតីតយុទ្ធជន ក្នុងការស្នើសុំសេវាសំណូមពរ និងមានប្រសិទ្ធភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បាននាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍សុីវិល ចំនួន៥០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ថវិកា ៥មុឺនរៀល អង្ករ ២៥គីឡុ មី១កេស ទឹកត្រី១យួ និងទឹកសុីអុីវ១យួ ក្នុងនោះ អតីតយុទ្ធជន ជាជនពិការ ចំនួន៤៨នាក់ ទទួលថវិកាបន្ថែមក្នុងម្នាក់ ១០មុឺនរៀល ផងដែរ ។
ដោយពិធីមហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត លោកអនុប្រធានសមាគមអតីតយុទ្ធជនខេត្ត លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមការងារពាក់ព័ន្ធថ្នាក់ខេត្ត-ក្រុង-ស្រុក និងបងប្អូនសាមាជិកអតីតយុទ្ធជន និងនិវត្តន៍ជន មកពីអង្គភាពរដ្ឋបាលសុីវិល សរុបចំនួន ៥០០នាក់ ។































No comments